
អគ្គមេធាវីនៃរដ្ឋញូវយ៉កត្រៀមប្តឹងលោក Trump ប្រសិនបើរដ្ឋនេះមិនទទួលបានវ៉ាក់សាំងកូវីដ
អាមេរិក ៖ អគ្គមេធាវីនៃរដ្ឋញូវយ៉កលោកស្រី Letitia James និយាយថា លោកស្រីបានត្រៀមខ្លួនដើម្បីប្តឹងរដ្ឋបាលលោក Trump ប្រសិនបើរដ្ឋនេះមិនទទួលបានវ៉ាក់សាំងកូវីដដែលត្រូវបានយល់ព្រមរួមជាមួយរដ្ឋផ្សេងទៀតរបស់ប្រទេសនេះទេនោះ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC។
ថ្លែងនៅព្រឹកថ្ងៃនេះ លោក Trump បាននិយាយថា វ៉ាក់សាំងនឹងមាននៅទូទាំងសហរដ្ឋអាមេរិកលើកលែងតែរដ្ឋញូវយ៉កប៉ុណ្ណោះដោយលោកចោទប្រកាន់ថា ដោយសារតែអភិបាលរដ្ឋនេះលោក Andrew Cuomo ដែលជាអ្នកប្រជាធិបតេយ្យកំពុងពន្យាពេលក្នុងការចែកចាយ។
លោក Trump និយាយថា “លោក Cuomo ត្រូវតែជូនដំណឹងដល់យើងនៅពេលគាត់ត្រៀមខ្លួនទទួលយកវា ពីព្រោះបើមិនដូច្នេះទេ យើងមិនអាចបញ្ជូនវាទៅរដ្ឋដែលនឹងមិនផ្តល់ឲ្យប្រជាជនរបស់ខ្លួនភ្លាមៗនោះទេ”។
ក្នុងខែកញ្ញា អភិបាលរដ្ឋញូវយ៉កបានបង្កើតក្រុមវិទ្យាសាស្ត្រឯករាជ្យមួយដើម្បីពិនិត្យមើលនូវទិន្នន័យវ៉ាក់សាំងកូវីដដែលបានវិភាគដោយរដ្ឋបាលចំណីអាហារនិងឱសថ។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី James បានរិះគន់ការលើកឡើងរបស់លោក Trump។លោកស្រីបាននិយាយថា “នេះគ្មានអ្វីក្រៅពីអាកប្បកិរិយាដែលចង់សងសឹកដោយប្រធានាធិបតីដែលព្យាយាមសងសឹកទៅលើអ្នកដែលប្រឆាំងនឹងនយោបាយរបស់គាត់នោះទេ”។ លោកស្រីនិយាយថា “ប្រសិនបើការផ្សព្វផ្សាយវ៉ាក់សាំងនេះកើតឡើងចំពេលដ៏ខ្មៅងងឹតនៃរដ្ឋបាលរបស់លោក Trump ហើយលោកប្រធានាធិបតីចង់លេងល្បែងជាមួយជីវិតប្រជាជននោះ យើងនឹងប្តឹងហើយយើងនឹងឈ្នះ”៕