ប្រជាពលរដ្នរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៧៨៥ គ្រួសារ បានទទួលអំណោយមនុស្សធម៍ របស់កាកបាទក្រហមកម្ពុជា នៅក្នុងស្រុកវាលវែង ខេត្តពោធិសាត់

(ពោធិ៍សាត់)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារភ្លៀងធ្លាក់ជោគជាំ ចំនួន៧៨៥គ្រួសារ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានពាំនាំប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសាកសួរសុខទុក្ខ ក្ដីនឹករលឹក និងការគិតគូរពីជីវភាពរស់នៅ និងបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យខិតខំស្តារជីវភាពគ្រួសារឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំសារអំពាវនាវ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ តាមវិធី «រស់នៅធម្មតា តាមបែបគន្លងថ្មី »។

ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់គិតគូរថែទាំសុខភាព ឱ្យបានល្អ ត្រូវរស់នៅមានអនាម័យ និងពិសាទឹកដាំឆ្អិន ដើម្បីជៀសផុតពីជំងឺផ្សេងៗ។ ម្យ៉ាងវិញទៀត បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែបង្កឱ្យមានអ្នកស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ ដូចនេះសូមប្រជាពលរដ្ឋយកចិត្តទុកដាក់គិតគូរ ពីសុវត្ថិភាពរាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន។

ក្នុងឱកាសនោះ ប្រតិភូក៏បានបន្តអញ្ជើញចុះត្រួតពិនិត្យការងារគ្រប់គ្រង ច្រកទ្វាព្រំដែនថ្មដា ជាប់ព្រំប្រទល់កម្ពុជា-ថៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាតផងដែរ៕