ត្រីងៀតឆ្លៀតពង “លោកនី ឆ្លៀតបើកសង្វៀនមាន់ អាប៉ោង និងយូគី ក្នុងឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត ធ្វើព្រងើយ មិនខ្វល់កូវីដ១៩

ខេត្តកំពត៖ទីតាំងសង្វៀនមាន់អាប៉ោង និងយូគីដែលមានម្ចាស់ឈ្មោះនីមួយកន្លែង ស្ថិតនៅភូមិទឹកខៀវ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត បាននិងកំពុងតែបើកលេង យ៉ាងគគ្រឹកគគ្រេងដែលមានក្រុមអ្នកញៀនល្បែងទាំងបីប្រភេទនេះបានប្រមូលផ្ដុំគ្នាមកលេងនៅទីតាំងខាងលើដោយមិនខ្លាចឆ្លងកូវិដ១៩។

ចំណែកឯមេម៉ុស្តិ៍ឃុំម៉ាក់ប្រាំង និងលោកអធិការស្រុកទឹកឈូវិញម្នាក់ៗរឹងត្រកៀក ស្តូកស្ពឹកស្រពន់ធ្វើមិនដឹងមិនលឺហាក់ មិនមានអ្វីកើតឡើងនៅតំបន់ដែលខ្លួនគ្រប់គ្រង។

នេះជាការអនុវត្តផ្ទុយទៅ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃដែល បានដាក់ចុះឲ្យសមត្ថកិច្ចគ្រប់បណ្តាខេត្តក្រុងត្រូវតែអនុវត្តតាមតែផ្ទុយទៅវិញ បែរជាអធិការស្រុកទឹកឈូហ៊ានផ្គើនទៅ និងបទបញ្ជារបស់សម្តេចក្រឡាហ៊ោម សខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។

ស្របពេលបច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងតែជួបប្រទះទៅនិងជម្ងឺកូវិដ១៩កំពុង តែឆ្លងរាតត្បាតស្ទើរពេញបណ្តាខេត្តក្រុងទៀតផង។

នាពេលថ្មីនេះសម្តេចតេជោហ៊ុនសែន ក៏បានថ្លែងសារឲ្យប្រជាពលរដ្ឋត្រូវនាំគ្នាប្រុងប្រយ័ត្នព្រោះជាជម្ងឺកូវិដ១៩កំពុង តែឆ្លងចូលក្នុងសហគមន៍យើងហើយហាមជួបជុំគ្នាមាន ចំនួនច្រើនបើមិនចាំបាច់ទេកុំចេញពីផ្ទះ។ប្រជាពលរដ្ឋឆ្ងល់ថាហេតុអ្វីបានអធិការស្រុកទឹកឈូ មិនយកត្រចៀកស្តាប់បែរជាបណ្តែតបណ្តោយ ឲ្យមេបនល្បែងឈ្មោះនីបើកលេងយ៉ាងគឃ្លើនបែបនេះ។

ប្រជាពលរដ្ឋរស់នៅក្បែរ ទីតាំងបនល្បែងខាងលើសូមសំណូមពរទៅដល់លោកស្នងការខេត្តកំពត មេត្តាចុះពិនិត្យនិងធ្វើការបង្រ្កាបសង្វៀនមាន់អាប៉ោងនិងយូគីដែលមានម្ចាស់ឈ្មោះនីនោះផង ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅមានភាពសុខសាន្តក្នុងមូលដ្ឋានផងទាន។ព្រោះទីណាមានវង់ល្បែងសុីសងគឺអំពើចោរលួចឆក់ប្លន់ គ្រប់ប្រភេទវាផ្តើមចេញពីប្រភពល្បែងសុីសងនេះឯង។