លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលកប្រមូលលុយតាមរបៀបពុករលួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនគួរបណ្តែតបណ្តោយតទៅទៀតទេ 20/5/2021ktk168

ប្រភពស្និទ្ធនឹងលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក បានឲ្យដឹងថា បើគ្មានការបើកដៃពីមេគយធំៗនៅក្នុងខេត្តព្រះសីហនុ ទេនោះគឺលោក ណុប សំអាន មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះទេ។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យឡើងវិញខ្លះផងព្រោះលោក គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញទំហឹងរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក នោះទេ។ផ្ទុយទៅវិញប្រភពខ្លះបានបង្ហើបឲ្យដឹងថា ដោយសារមានលោក គុណ ញឹម ជាបង្អែកដ៏រឹងមាំទើបលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក អាចរក្សាតំណែងឡើងដុះស្លែហើយប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួល។

បើតាមការបង្ហើបពីមន្ត្រីនៅច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក នៅតែប្រតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ក្នុងពេលដែលជំងឺកូវីដ១៩រាលដាលយ៉ាងគំហុកក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏ឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទំនប់រលក បានយ៉ាងរលូនដដែល។ ចំណែកមេគយធំៗក្នុងខេត្តព្រះសីហនុបានរក្សាភាពស្ងៀមស្ងាត់ហើយបណ្តោយឲ្យលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកធ្វើអ្វីៗស្រេចតែអំពើចិត្តព្រោះមានការបែងចែកផលប្រយោជន៍តាមលំដាប់លំដោយ។

ប្រភពពីមន្ត្រីនៅច្រកកំពង់ផែទំនប់រលកក្រុងព្រះសីហនុ បានឲ្យដឹងថា ឈ្មួញធំៗដូចជា ឈ្មួញឈ្មោះ វិចិត្រ និងឈ្មួញដទៃទៀតអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកនេះយ៉ាងពេញបន្ទុកព្រោះមានការសម្របសម្រួលពីលោក ណុប សំអានប្រធានការិយាល័យគយច្រកទំនប់រលក។ ទង្វើរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗហើយលោក ណុប សំអាន តែងប្រើឈ្មោះលោក គុណ ញឹម អគ្គនាយកគយ ដើម្បីការពារទង្វើរបស់ខ្លួន។ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយពេញទំហឹងរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ។សូមអានភាគ៣ទៀតបន្តktk 168