កំចាត់ពុករលួយផេះ? គយចល័តព្រាប គារ៉ាត់ និង កូនក្រុមគយពុករលួយពេញទី តើនរណាថ្លើមពាសមេឃ ហ៊ានវះកាត់សាច់ស្អុយមួយចង្កោមនេះ?

ភ្នំពេញៈ ប្រភពពីឈ្មួញរកសុីតាមច្រកទ្វារមុឺនជ័យ អោយដឹងដូចគ្នាទៅនឹងការលើកឡើងរបស់ឈ្មួញនៅភ្នំពេញដែលនាំទំនិញចូលពីវៀតណាមមកកម្ពុជាតាមច្រកផ្សេងទៀតអោយដឹងថា៖លោក ព្រាប គារ៉ាត់ “គយ សិដ្ឋ” ជាមេគយចល័តដឹកនាំក្រុមគយគ្រប់គ្រង់ត្រួតពិនិត្យចល័តពីលើខេត្តដល់ទៅ៨ នៅទិសឦសាន្តនិងភាគកណ្តាលផ្ទៃប្រទេស មាន ដូចជាខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង ព្រមទាំងក្នុងរាជធានីភ្នំពេញផង ។ក្រុមគយទាំងនោះស្ថិតក្រោមការគ្រប់គ្រងរបស់លោក កើត សុធារ៉ា ជាមេគយចល័តទូទាំងប្រទេសកម្ពុជា នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។ក្រុមគយព្រាប គារ៉ាត់ នោះកំពុងល្បីល្បាញថា មានជំនាញខាងបោះទីតាំងតាមផ្លូវជាតិ ដែលចេញពីគ្រប់ច្រកទ្វារ សំដៅចូលមកភ្នំពេញ ដោយរាយអន្ទាក់ ស្ទាក់ចាំយកលុយឆៅៗពីឡានដឹកទំនិញគ្រប់ប្រភេទផង និង ដេករាប់ក្បាលឡាន ទុកសរុបយកលុយប្រចាំខែផង ។ ពួកគយទាំងនោះ ទាំងមេ ទាំងកូន ខ្លះជាអ្នកយាមផ្លូវចាំរាប់ក្បាលឡាន ខ្លះជាអ្នកអង្គុយចាំយកលុយពីឈ្មួញដឹកទំនិញឆៅៗ ផ្លូវក្រោមការដឹកនាំរបស់ លោកព្រាប គារ៉ាត់ “គយ សិដ្ឋ” ពុករលួយដាច់បង្ហៀរពេញទី ខណ:រដ្ឋាភិបាលបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ បង្ក្រាបតែផេះ ?។

អ្នកដឹកទំនិញចេញពីច្រកមុឺន ជ័យអោយដឹងថា៖ គយចល័តក្រោមការដឹកនាំដោយឈ្មោះព្រាប គារ៉ាត់ ហៅក្រៅ “គយសិដ្ឋ ” ពូកែខាងរាយអន្ទាក់ ស្ទាក់យកលុយ និងអង្គុយរាប់ក្បាលឡានតាមផ្លូវជាតិណាស់។ មេគយចល័ត ព្រាប គារ៉ាត់ ហៅ”គយសិដ្ឋបញ្ជាអោយក្រុមគយក្រោមឨវាទ “ដាក់អន្ទាក់កើបលុយឆៅៗលើផ្លូវជាតិលេខ៧ផង លើផ្លូវជាតិលេខ១ផង និងលើផ្លូវជាតិលេខ៦Aមួយកន្លែងផង ដែលសុទ្ធតែជាចំណុចបំពង់កច្រកចូលក្រុងភ្នំពេញ។ តាមផ្លូវជាតិលេខ៧ ដាក់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការសហការល្អពីអាជ្ញាធរខេត្តដោយសម្ងាត់ និង ការរួមចំណែកពីប៉ូលីសសេដ្ឋកិច្ចខេត្តផង ដើម្បី ប្រមូលលុយពីក្រុមឈ្មួញដាក់ហោប៉ៅខ្លួនឯង និងអង្គុយរាប់ក្បាលឡានឈ្មួញធំៗ មិនអោយរំលងមួយឡានឡើយ។បើចំពោះឈ្មួញរាយរងណារឹងទទឹងមិនបង់លុយ តាមការទាមទារ ឬបើចំពោះឈ្មួញគ្រាក់ៗណាបើកគេចនោះ ពួកគេនឹងចាប់យកទៅកន្លែង ព្រមាន ដូចអាករមាន់១គំរាមដល់ឈ្មួញ១០០ដទៃទៀតភ្លាម រឿងអីឈ្មួញមិនធ្លាក់ហុឺយទៅ !។

ប្រភពដដែលទម្លាយថា៖ក្រុមឈ្មួញតែងតែបានដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូលគ្រប់ច្រកទ្វារតូច ធំ ពីព្រំដែនវៀតណាមជាប់នឹងខេត្តទាំងអស់ ក្រោយពីគយតាមច្រកទ្វារទ្វេភាគី ឬ ច្រកទ្វារអន្តរជាតិ បានបំពេញបែបបទប្រតិវេទន៍គយចប់សព្វគ្រប់។តែក្នុងការ ចេញប្រតិវេទន៍គយអោយឈ្មួញដឹកទំនិញចេញពីដៃគយច្រកទ្វារឬបញ្ចេញឃ្លាំង ទំនិញទាំងអស់នោះមិនមែនសុទ្ធតែត្រឹមត្រូវតាមច្បាប់ អាចឆ្លុះបញ្ចាំងទៅនឹង lNVOIC និង PARKING LISTទេ?នេះហើយដែលជាចំណុចសំខាន់ ដែលគយចល័ត ដឹកនាំដោយលោកព្រាបគារ៉ាត់ អាចហែកសុីតាមផ្លូវឆៅ ៗតាមចិត្ត នឹងសរុបក្បាលឡានទុកទូទាត់លុយមួយខែៗរាប់សែនដុល្លារអាមេរិពីពពួកឈ្មួញធំ យ៉ាងស្ងាត់ឈឹងនៅឯភ្នំពេញ (មានចំណុចលម្អិតសុំមិនទាន់និយាយពិស្តារ) ។

ប្រភពបន្តថា ឡានដឹកទំនិញរាយរង ពួកគយដេកយាមផ្លូវ នៅពញាក្រែក អ្នកលឿងត្រើយខាងកើត និងឃុំបាក់ខែងលើផ្លូវ៦A ដែលដាក់ចាំដូចប្រើសទ្រូកំប៉ោង ចាំយកលុយឆៅៗ។ ប៉ុន្តែឡានដឹកទំនិញធុនធ្ងន់ របស់លោកឈ្មួញធំ ឬឧកញ៉ាឈ្មួញ ដែលដឹកចូលភ្នំពេញឆ្លងកាត់តាមផ្លូវជាតិលេខ៧ ចំណុចពញាក្រែក តាមផ្លូវជាតិលេខ៦A ចំណុចឃុំបាក់ខែង ពីស្វាយរៀងនិង ព្រៃវែងឆ្លងកាត់អ្នកលឿងត្រើយខាងកើត គយចល័តធ្វើព្រងើយ មិនខ្ចីរវល់អើពើទប់ស្កាត់ឈឹង! ធ្វើមិនដឹង តែមន្ត្រីគយដេកយាម ពកគេកត់តែក្បាលឡានទេ!ឥរិយាបទគយ ដូចឆ្មារខ្លាចកណ្តុរអីចឹង ធ្វើមិនខ្វល់ពីតួរនាទី ដូចមិនមែនជាគយចល័តត្រូវត្រួតហាមឃាត់ បង្ក្រាបទំនិញគេចពន្ធនោះសោះ។ទង្វើបែបនោះព្រោះតែពួកគេដឹងប្រាកដថាឡានឈ្មួញឈ្មោះ”ក”ដែលកំពុងដឹកនោះ មានដឹកអ្វី មានប៉ុន្មានតោនរួចទៅហើយ ភ្នែកទិព្វ។ លើកលែងតែមានការប្រកាសដំណឹងពីគយបណ្តាច្រកទ្វារ អោយជួយចាប់ទើបពួកគេចាត់ការភ្លាមៗ។បើមិនអីចឹងទេកូនក្រុមគយចលត័ទាំងឡាយ ដាក់គ្រប់ផ្លូវ ចាំតែកត់និងរាប់ក្បាលឡានបានហើយ រឿលុយទុកអោយមេគយព្រាប គារ៉ាត់ជាអ្នកសុីសងប្រចាំខែនៅភ្នំពេញស្ងាត់ៗ។
ប្រភពដដែលបានលើកឡើងថា មេឈ្មញធំៗ ជាច្រើនក្រុមហ៊ុន ដែលម្នាក់ៗត្រូវបង់ជូនលោក ព្រាប គារ៉ាត់ ក្នុងមួយខែៗរាប់សែនដុល្លារ បើមិនអញ្ចឹងឡានលែងវិលកង់ហើយ។
ការលើកមកនិយាយនេះ ទោះជាការលើកឡើង មិនអាចយកជាការពិតទាំងស្រុងក្តី តែបើគ្មានសម្រាមឆ្កែក៏វាមិនជុះដាក់ដែរ បើគ្មានភ្លើង ក៏អត់ផ្សែងដែរ វាឆ្លុះអោយឃើញនូវអំពើពុករលួយដាច់បង្អៀររបស់គយ ព្រាប គារ៉ាត់។ ដល់ពេលនេះ យើងនៅតែមិនអាចសុំការបកស្រាយពីលោក ព្រាប គារ៉ាត់ “គយសិដ្ឋ”បានទេ ព្រោះល្បីថា លោកគយម្នាក់នេះមិនដែលលើកសព្ទ័ប្លែកៗទេ ក្រៅតែពីទូរសព្ទ័ឈ្មួញគ្រាក់ៗឬពីលោកចៅហ្វាយខេត្តតាមបណ្តាខេត្ត ពាក់ពន្ធ័ដែលត្រូវជាដៃគូរ “ដីហូរលើទឹក”របស់លោក ហើយដែលស្គាល់លេខទើបលើក។
លេខក្រោយនិងរៀបរាប់នូវព័ត៌មានថ្មី ស្តីពីសកម្មភាពរបស់ក្រុមគយចល័តព្រាប គារ៉ាត់ក្នុងទីក្រុងភ្នំពេញនិងខេត្តកណ្តាលម្តងទៅតាមការលើកឡើងពីអ្នកលក់ឡាន លក់ម៉ូតូម្តង បន្តអោយបានជ្រាប៕